Hana Cambodia
នៅដើមឆ្នាំ២០០៥ WRC បានផ្ដួចផ្ដើមការវាយតម្លៃភាពអនុលោមតាមច្បាប់នៅរោងចក្រ Hana Cambodia ដែលជារោងចក្រផលិតសម្លៀកបំពាក់ មានទីតាំងនៅក្នុងខេត្តកណ្ដាល ប្រទេសកម្ពុជា។ រោងចក្រនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនពហុជាតិកូរ៉េ ឈ្មោះ Hana Global ។ នៅក្នុងពេលវាយតម្លៃរបស់ WRC រោងចក្រ Hana Cambodia ផលិតសម្លៀកបំពាក់មានអាជ្ញាប័ណ្ណរបស់សាកលវិទ្យាល័យសម្រាប់អ្នកទទួលអាជ្ញាប័ណ្ណសាកលវិទ្យាល័យឈ្មោះ Top of the World និងទំនិញមិនមែនរបស់សាកលវិទ្យាល័យរបស់ក្រុមហ៊ុន Reebok ។
តាមរយៈការងារស៊ើបអង្កេតរបស់យើងនៅរោងចក្រ WRC បានកំណត់ឃើញការរំលោភបំពានធ្ងន់ធ្ងរក្នុងវិស័យការងារថែមម៉ោង និងការផ្ដល់សំណងសម្រាប់ការងារថែមម៉ោង សេរីភាពសមាគម ការបៀតបៀន និងការរំលោភបំពាន និងសុខភាព និងសុវត្ថិភាពការងារ។ ក្នុងចំណោមការរំលោភបំពានធ្ងន់ធ្ងរបំផុតទាងនេះ ថ្នាក់គ្រប់គ្រងរោងចក្របានបញ្ឈប់មន្ត្រីសហជីពចំនួន ៣នាក់ពីការងារ ដោយក្នុងនោះភស្ដុតាងដែលមានបង្ហាញឱ្យឃើញថាគឺជាទង្វើច្បាស់ក្រឡែតនៃការសងសឹកមកលើកិច្ចខិតខំរបស់កម្មករនិយោជិតក្នុងការតស៊ូមតិដើម្បីកែលម្អលក្ខខណ្ឌការងារ។ ការបញ្ឈប់មន្ត្រីសហជីព បូកផ្សំជាមួយសកម្មភាពដទៃទៀតក្នុងការបំភិតបំភ័យប្រឆាំងសហជីព ជាលទ្ធផលធ្វើឱ្យរោងចក្របានបំបាត់វត្តមានសហជីពពីក្នុងរោងចក្រ។
ជាអកុសល នៅពេលដែល WRC កំពុងស្ថិតក្នុងដំណើរការដើម្បីបញ្ចប់ការវាយតម្លៃភាពអនុលោមតាមច្បាប់របស់ខ្លួន និងកិច្ចខិតខំក្នុងការដោះស្រាយបឋម អ្នកបញ្ជាទិញដោយផ្ទាល់ចម្បងរបស់រោងចក្រនេះគឺក្រុមហ៊ុន PNG ជាភ្នាក់ងារដែលក្រុមហ៊ុន Top of the World និងក្រុមហ៊ុន Reebok ដាក់ការបញ្ជាទិញទាំងអស់តាមរយៈក្រុមហ៊ុន PNG នេះ បានសម្រេចចិត្តដោយមានការព្រមព្រៀងពីក្រុមហ៊ុន Top of the World និង Reebok ថាដកការបញ្ជាទិញរបស់ខ្លួនទាំងអស់ចេញពីក្រុមហ៊ុន Hana Cambodia ទៅកាន់រោងចក្រថ្មីនៅប្រទេសចិន។ WRC បានដាក់សម្ពាធឱ្យក្រុមហ៊ុន PNG, Reebok, និង Top of the World ត្រូវពិចារណាលើការសម្រេចចិត្តនេះ ដោយហេតុថា វត្តមានរបស់អ្នកបញ្ជាទិញទាំងនេះនៅរោងចក្រគឺជាកម្លាំងធំធេងតែមួយគត់ដែលមាន ដើម្បីដាក់សម្ពាធឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ប៉ុន្តែយើងពុំបានទទួលជោគជ័យក្នុងការបញ្ចុះបញ្ចូលឱ្យក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនទាំងនេះ រក្សាចំណងអាជីវកម្មជាមួយក្រុមហ៊ុន Hana Cambodia បានឡើយ។
បើយោងតាមក្រុមហ៊ុន Top of the World និង Reebok បានឱ្យដឹងថា ការសម្រេចចិត្តដកផលិតកម្មនេះផ្អែកលើការពិចារណាផ្នែកសេដ្ឋកិច្ច ពោលគឺពុំមែនជាកង្វល់ទាក់ទងជាមួយភាពអនុលោមតាមក្រមប្រតិបត្តិនោះឡើយ ប៉ុន្តែដោយសារតែផលិតកម្មត្រូវបានដកចេញនៅចំពេលមានការស៊ើបអង្កេត និងកិច្ចខិតខំដើម្បីដោះស្រាយនោះតាមទស្សនៈរបស់ WRC ចាត់ទុកថា ចំណុចនេះមិនមានភាពស៊ីសង្វាក់ជាមួយកាតព្វកិច្ចតាមក្រមប្រតិបត្តិសាកលវិទ្យាល័យរបស់ក្រុមហ៊ុន Top of the World នោះទេ (ហើយមិនស៊ីសង្វាក់ជាមួយកាតព្វកិច្ចដែលមានក្នុងក្រមប្រតិបត្តិរបស់ក្រុមហ៊ុន Reebok ខ្លួនឯងផ្ទាល់ផងដែរ) បើទោះបីជាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងគន្លងអាជីវកម្មជាប្រក្រតីក្ដី។ អាស្រ័យដោយមានការវិវត្តបែបនេះ យើងពុំមានសុទិដ្ឋិនិយមថា ការដោះស្រាយលើការរំលោភបំពានសិទ្ធិកម្មករនិយោជិតដូចត្រូវបានកំណត់ឃើញនៅក្នុងការស៊ើបអង្កេតរបស់ WRC គឺអាចសម្រេចបាននៅក្នុងរោងចក្រនេះក្នុងរយៈពេលខ្លី នៅពេលមិនមានការសម្រេចចិត្តពីអ្នកទទួលអាជ្ញាប័ណ្ណក្នុងការបញ្ជូនការបញ្ជាទិញត្រឡប់មកកាន់រោងចក្រវិញ និងមានការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំដើម្បីចម្រុញឱ្យមានសកម្មភាពកែតម្រូវនោះឡើយ។ បន្ថែមលើនេះ ថ្មីៗនេះ រោងចក្រ Hana បានផ្អាកផលិតកម្មដែលជាផ្នែកមួយបណ្ដាលមកពីការបាត់បង់ការបញ្ជាទិញពីក្រុមហ៊ុន Top of the World និង Reebok ។ នៅមិនទាន់មានភាពច្បាស់លាស់ថាតើរោងចក្រនឹងបើកទ្វារឡើងវិញ ឬយ៉ាងណាឡើយ។
ការសម្រេចចិត្តរបស់ម៉ាកយីហោទាំងអស់នេះក្នុងការចាកពីពីក្រុមហ៊ុន Hana គឺជាកង្វល់ ជាពិសេស បើគិតទៅលើការប្តេជ្ញាចិត្តដែលរដ្ឋាភិបាលកម្ពុជាបានធ្វើឡើងក្នុងបរិបទនៃរវាងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីកែលម្អការជម្រុញការអនុវត្តច្បាប់ការងារនៅក្នុងប្រទេស។ យើងសង្ឃឹមថា ម៉ាកយីហោទាំងនោះនឹងរក្សាការបញ្ជាទិញក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ដំណើរការនេះ។
Read more:
- WRC Factory Assessment Update – February 15, 2006
Join our newsletter
Sign up to the WRC’s mailing list to stay updated on our work.