Eco Base Ltd.
ក្រុមហ៊ុន Dignity Knitter Ltd. និង Eco Base Ltd. គឺជារោងចក្របងប្អូនក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងពីរនេះផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Arcadia, Debenhams, John Lewis, Lidl, Mango, Marks & Spencer, Next, និង Urban Outfitters នៅមុនពេលរោងចក្រទាំងពីរនេះបិទទ្វារក្នុងខែមេសា ឆ្នាំ២០២០ ដោយបានបញ្ឈប់ការងារកម្មករនិយោជិតជាង ១១០០នាក់ និងមិនបានបង់ប្រាក់សំណងតាមច្បាប់ឱ្យពួកគេក្នុងទឹកប្រាក់ចំនួន ២,២លានដុល្លារអាមេរិក។
កម្មករនិយោជិតក្នុងរោងចក្រទាំងនេះរាយការណ៍ថា ប្រាក់ឈ្នួលរបស់ពួកគេមានភាពយឺតយ៉ាវម្ដងហើយម្ដងទៀតក្នុងប្រតិបត្តិការរបស់រោងចក្ររយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយការបង់ប្រាក់យឺតយ៉ាវចាប់ផ្ដើមក្នុងខែធ្នូ ឆ្នាំ២០១៩។ បន្ទាប់ពីកម្មករនិយោជិតសង្កេតឃើញ ថ្នាក់គ្រប់គ្រងរោងចក្រដកម៉ាក់ស៊ីនចេញពីក្រុមហ៊ុន Dignity Knitter ក្នុងខែមករា ឆ្នាំ២០២០ កម្មករនិយោជិតមួយក្រុមមានចំនួន១០០នាក់បានចាប់ផ្ដើមដាក់វេនគ្នាការពារនៅពីមុខរោងចក្រ ពេញ ២៤ម៉ោង ដើម្បីបញ្ឈប់ការប៉ុនប៉ងបន្ដទៀតរបស់ថ្នាក់គ្រប់គ្រងក្នុងការយកឧបករណ៍ចេញ (ដែលអាចយកទៅលក់ យកប្រាក់មកបង់សងប្រាក់ឈ្នួល និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាក្នុងករណីបិទទ្វាររោងចក្រ)។ រោងចក្រទាំងពីរបានបញ្ឈប់ប្រតិបត្តិការជាផ្លូវការក្នុងខែមេសា។
ក្រុមហ៊ុន Dignity Knitter និង Eco Base គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន GTI Holdings ដែលចូលរួមពាក់ព័ន្ធផងដែរនៅក្នុងវិស័យប្រេង និងសេវាហិរញ្ញវត្ថុ។ ក្រុមហ៊ុន GTI Holdings ដែលជាក្រុមហ៊ុនជួញដូរសាធារណៈនៅលើទីផ្សារភាគហ៊ុនហុងកុង គឺត្រូវបានសន្មតថា មានប្រាក់ដើម្បីបង់ឱ្យកម្មករនិយោជិតក្នុងចំនួនដែលនៅជំពាក់កម្មករនិយោជិត ប្រសិនបើក្រុមហ៊ុននេះមិនមានទេ អតិថិជនរបស់ក្រុមហ៊ុននេះច្បាស់ជាមាន។
ក្នុងខែកុម្ភៈ ឆ្នាំ២០២១ តុលាការខេត្តកណ្ដាល បានមើលខុសត្រូវក្នុងការលក់ដូរឧបករណ៍ចេញពីរោងចក្រដែលបានបិទ។ ប្រាក់បានមកពីការលក់នឹងត្រូវយកទៅបែងចែកឱ្យកម្មករនិយោជិតចំនួន ១១២៩នាក់ដែលមិនបានទទួលប្រាក់ឈ្នួលតាំងពីពេលបិទទ្វាររោងចក្រមក។ បន្ទាប់ពីបែងចែកមូលនិធិយើងនេះហើយ គឺនៅជំពាក់កម្មករនិយោជិតចំនួន ៩៨០០០០ដុល្លារអាមេរិកទៀត។
Sao Na ដែលមានអាយុ ៥១ ឆ្នាំ បានប្រាប់សារព័ត៌មានក្នុងស្រុកអំពីភាគខ្លះនៃទឹកប្រាក់ដែលនាងត្រូវបានទទួលនោះថា ”ប្រាក់នេះមិនច្រើនទេ ប៉ុន្តែយើងគ្មានជម្រើសអ្វីផ្សេងឡើយ”។ គាត់បានបន្ថែមថា “ខ្ញុំគ្មានអារម្មណ៍អ្វីទេ។ ខ្ញុំរង់ចាំយូរហួសពេកហើយ”។ Chhoeut Rany អាយុ ៣៧ ឆ្នាំដែលបានធ្វើការងាររយៈពេល ១០ឆ្នាំមកហើយនៅក្រុមហ៊ុន Eco Base និយាយថាគាត់បានតស៊ូដើម្បីបំពេញសេចក្ដីត្រូវការជាមូលដ្ឋានរបស់គ្រួសារតាំងពីរោងចក្របិទទ្វារមកម្ល៉េះ “រួមទាំងចំណាយលើថ្លៃម្ហូបអាហារប្រចាំថ្ងៃ និងឱ្យកូនទៅរៀន”។ គាត់បន្តថា “ពួកយើងរង់ចាំអស់ពេលមួយឆ្នាំហើយ”។
ក្រុមហ៊ុន John Lewis បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលធនធានអាជីវកម្ម និងសិទ្ធិមនុស្ស (BHRRC) អំពីទំនាក់ទំនងរបស់ខ្លួនជាមួយ Eco Base ហើយក្រុមហ៊ុន Debenhams បានបញ្ជាក់អំពីទំនាក់ទំនងរបស់ពួកគេជាមួយក្រុមហ៊ុន Dignity Knitter។ ក្រុមហ៊ុន Next បានប្រាប់ WRC ថាខ្លួនបានឈប់រកស៊ីជាមួយ Dignity Knitter ក្នុងឆ្នាំ២០១៩ ប៉ុន្តែក្រុមហ៊ុននៅដាក់ឈ្មោះ Dignity Knitter នៅលើបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ដែលអាចរកបានជាសាធារណៈរបស់ខ្លួនក្នុងខែមករា ឆ្នាំ២០២០។ ក្រុមហ៊ុន Mango, Marks & Spencer និង Lidl ក៏បានដាក់ឈ្មោះរោងចក្រនេះនៅក្នុងបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់របស់ខ្លួនផងដែរក្នុងឆ្នាំ២០២០។ ស្លាកដែលកម្មករនិយោជិតប្រមូលបានពីរោងចក្រក៏បានកំណត់ឃើញថាក្រុមហ៊ុន Urban Outfitters គឺជាអ្នកបញ្ជាទិញនាពេលថ្មីៗនេះផងដែរ។
Read More:
Join our newsletter
Sign up to the WRC’s mailing list to stay updated on our work.